• Breaking News

    រីករាយជាមួយគ្នា យល់ដឹងជាមួយគ្នា!

    ប្រាជ្ញាខ្មែរ នាំមកជូនលោកអ្នកនូវ ភាពរីករាយ កំសាន្តសប្បាយឥតកំណត់។ ជាងនេះទៅទៀតលោកអ្នកនឹងបានជ្រាបដឹងនូវពត៌មានថ្មីៗទាំងក្នុង និងក្រៅប្រទេស ទទួលបានចំនេះដឹងថ្មីៗ រួមទាំងវិធីថែទាំសុខភាព និងសម្រស់ឲ្យស្អាតឋិតថេរ.....៕

    ១៣​​កន្លែង​ មិន​គួរ​រំលង​ បើ​ទៅ​លេង​ឆ្លង​ឆ្នាំ​នៅ​ខេត្ត​ព្រះសីហនុ


    ឆ្លង ​​ឆ្នាំ​ចាស់​ ផ្លាស់​ចូល​​ឆ្នាំ​ថ្មី ២០១៧ ប្រិយ​មិត្ត​​​​មួយ​ចំនួន​ប្រាកដ​ជា​ មាន​គម្រោង​ទៅ​ដើរ​លេង ទៅ​ប៉ែក​និរតី​នៃ​ប្រទេស គឺ​ខេត្ត​ព្រះ​សីហនុ​ជា​កន្លែង​មាន​ឆ្នេរ​សមុទ្រ​ស្រស់​ស្អាត​ ខ្យល់​អាកាស​​បរិសុទ្ធ​ស្រស់​ថ្លា ជា​មួយ​គូ​សង្សារ មិត្តភ័ក្ដិ បង​ប្អូន ក្រុម​គ្រួសារ ក្នុង​រាត្រី​ដ៏​ពិសេស​។

    បើ​​​មាន គម្រោង​ទៅ​ដើរ​លេង​នៅ​ទី​នោះ បង​សប្បាយ​ សូម​ណែនាំ​តាម​រយៈ​​ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក​ ​ត្រួស​ៗ​ពី​កន្លែង​ដើរ​លេង​​ពិសេស​​​ៗ​មួយ​ចំនួន​​ក្នុង​ទឹក​ដី ខេត្តព្រះសីហនុ រួម​ទាំង​​រមណីយដ្ឋាន​​មួយ​ចំនួន​ ដែល​ប្រិយ​មិត្ត​​​​នឹង​ជិះ​កាត់​តាម​ផ្លូវ​ទៅ​កាន់​ ខេត្ត​ព្រះសីហនុ៖

    @ រមណីយដ្ឋាន ថ្ម​រូង៖
    មាន​ទី​តាំង​នៅ​ភូមិ​ព្រៃ​ប្រសិទ្ធ៍​ ឃុំ​បាក់​រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហនុ។ ថ្ម​រូង​ជា​រមណីយដ្ឋាន​ធម្មជាតិ​​ ភ្ញៀវ​ទេសចរ​ អាច​ទស្សនា​ ព្រៃ​ភ្នំ​ធម្មជាតិ​ និង​ងូត​ទឹក​លេង​ យ៉ាង​សប្បាយ​រីក​រាយ។ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៤ ចំងាយ​​ពី​ភ្នំពេញ​ប្រហែល ១១៥​​គីឡូ​ម៉ែត្រ បត់​ស្តាំ​ប្រហែល​៧ គីឡូម៉ែត្រ​ អ្នក​នឹង​ទៅ​ដល់​ រមណីយដ្ឋាន​នោះ។

    @រមណីយដ្ឋាន​ ឋានសួគ៌​ បូក​គោ៖
    ភ្នំ​បូក​គោ​ជា​ទី​កម្សាន្ត​ធម្មជាតិ​សម្បូរ​បែប​ ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ទៅ​លេង​មាន​អារម្មណ៍​​រីក​រាយ​ស្រស់​ថ្លា។ នៅ​ទី​នោះ​ ប្រិយ​មិត្ត​​​​អាច​ទស្សនា ពពក​វិល ថ្ម​មុខ​យក្ស​​ បឹង​លើ​ភ្នំ វត្ត​សំពៅ​ប្រាំ ព្រះ​វិហារ​កាតូលិក​ចាស់ ឡឺ​ បូក​គោ ផាលេស (សណ្ឋាគារ​ចាស់​) ដំណាក់​ស្លា​ខ្មៅ ដំណាក់​ព្រះ​បាទ​មុនី​វង្ស ឬ​ដំណាក់​ស្ដេច វាល​ស្រែ​​៥០០ និង​កន្លែង​សមាធិ។
    បូក​គោ​ មាន​ចម្ងាយ​ប្រមាណ​ជាង​ ៤០​គីឡូម៉ែត្រ​ ពី​ក្រុង​កំពត។

    @ វត្ត​ជោតញ្ញាណ​ ឬ​វត្ត​លើ មើល​សម្រស់​ក្រុង​ព្រះ​សីហនុ កម្ពស់​១៣២​ម៉ែត្រ​​ពី​ភ្នំ​លើ៖
    វត្ត​ជោត​ញ្ញាណ ឬ​វត្ត​លើ​ មាន​ទីតាំង​ស្ថិត​នៅ​លើ​ភ្នំ​មួយ​នៃ​ខេត្ត​ព្រះសីហនុ​ដែល​មាន​កម្ពស់​១៣២​ ម៉ែត្រ។ ​វត្ត​ដ៏​ចំណាស់​មួយ​នេះ​ជា​ទី​សក្ការ​របស់​ពុទ្ធសាសនិក និង​ជា​កន្លែង​ដែល​ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ ចូលចិត្ត​ទៅ​លម្ហែ​អារម្មណ៍​ស្រូប​ខ្យល់អាកាស​បរិសុទ្ធ ជាពិសេស​ក៏​ជា​ទីតាំង​ដ៏​ល្អ​ដែល​សម្រាប់​ភ្ញៀវ​ទេសចរ ដែល​ចង់​មើល​ទេសភាព​នៃ​ទីក្រុង​ព្រះសីហនុ​បាន​យ៉ាង​ច្បាស់​ល្អ។

    @ ឧទ្យាន​រាម ខេត្ត​ព្រះ​សីហនុ៖
    ឧទ្យាន​ជាតិ​រាម ស្ថិតនៅ​ប្រហែលជា១៨គម ខាងកើត​ក្រុងព្រះសីហនុ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តំបន់​អភិរក្ស​ដោយសារតែ​តម្លៃ​ជាតិ វិទ្យាសាស្ត្រ អប់រំ និង​កម្សាន្ត។ ឧទ្យាន​ជាតិ​រាម ស្ថិតនៅ​រវាង​កោះ​ថ្មី និង​ក្រុងព្រះសីហនុ ​ដែល​មាន​ផ្ទៃដី​សរុប ២១,០០០ ហិកតា ក្នុង​នោះ​ផ្ទៃដី​ទំហំ ១៥,០០០ ហិកតា ជា​ដីគោក​ស្ថិត​តាម​ឆ្នេរសមុទ្រ និង​ផ្ទៃដី​ទំហំ ៦,០០០ ហិកតា ជា​ផ្ទៃ​ទឹកសមុទ្រ។ ឧទ្យាន​ជាតិ​រាម ជា​កន្លែង​ដ៏​មាន​ប្រជាប្រិយ​ក្នុង​ការ​ផ្ដិត​យក​ទិដ្ឋភាព​ផូរផង់ ​នៃ​ធម្មជាតិ។

    @ ឆ្នេរ​អូ​​ឈើ​ទាល៖
    ឆ្នេរ​​អូឈើ​ទាល​បាន​​​ទាក់​ទាញ​អ្នក​​ទេសចរ​ ច្រើន​ជាង​​តំបន់​ដទៃ​ទៀត​ក្នុង​ខេត្ត​ព្រះ​សីហនុ​។ ឆ្នេរ​អូ​ឈើ​ទាល​កម្ពុជា​បាន​ទទួល​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ឆ្នេរ​ខ្សាច់​ ស្អាត​លំដាប់​ពិភព ​លោក​កាល​ពី​ថ្ងៃ​ទី ២៥ ខែ​ឧសភា ឆ្នាំ ២០១១ នៅ​ប្រទេស​សេណេហ្គាល់ ​ក្នុង​មហា​សន្និបាត​លើក​ទី​៧​របស់​ក្លឹប​ឆ្នេរ​​ខ្សាច់​ស្អាត​ពិភព​លោក។ ក្លឹប​នេះ មាន​សមាជិក ​២៦ ​ប្រទេស និង​មាន​ឆ្នេរ​ចំនួន ៣២ កន្លែង។

    @ឆ្នេរ​អូរ​ត្រេះ​៖
    ជា​ឆ្នេរ​សមុទ្រ​ស្ងប់ស្ងាត់​បរិយាកាស​ល្អ​បរិសុទ្ធ នៃ​ក្រុង​ព្រះសីហនុ​ និង​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ឆ្នេរ​អូរ​ឈើ​ទាល។ លាត​សន្ធឹង​តាម​បណ្ដោយ​សមុទ្រ​នៃ​ក្រុង​ព្រះសីហនុ ឆ្នេរ​អូរ​ត្រេះ​មាន​ប្រវែង​ដល់​ទៅ​៣​គីឡូម៉ែត្រ។ អ្វី​ដែល​ចែក​ដាច់​ឆ្នេរ​អូរ​ត្រេះ​ពី​ឆ្នេរ​ដទៃ គឺ​ភាព​ស្ងប់ស្ងាត់​មិន​ងាយ​នឹង​រក​បាន​ឡើយ ដោយ​ឆ្នេរ​ផ្សេង​ៗ​ទៀត​មាន​ភ្ញៀវ​ទេសចរ​ច្រើន។

    @ ឆ្នេរ​ឧទ្យាន​រាម៖
    ឆ្នេរ​នៅ​ឧទ្យាន​រាម​មិន​សូវ​មាន​ភាព​ទាក់ទាញ​ដូច​បណ្តា​ឆ្នេរ​ដទៃ​ទៀត ភាគ​ច្រើន​ភ្ញៀវ​ដែល​មក​កម្សាន្ត​​ច្រើន​តែ​ជិះ​ហួស​មក​ហួស។ ប៉ុន្តែ​ភាព​ស្ងប់ស្ងាត់​នៃ​ឆ្នេរ​មួយ​នេះ ជា​ចំណុច​ទាក់ទាញ​ដែល​អន្ទង​ចិត្ត​ភ្ញៀវ​ទេសចរ​មួយ​ចំនួន ជ្រើសរើស​ជា​កន្លែង​សម្រាក​លំហែ​កាយ​សម្រាប់​ដំណើរ​កម្សាន្ត​មក​ខេត្ត​ ព្រះសីហនុ​។ ​ឆ្នេរ​សំខាន់ៗ​នៅ​ទីនោះ​រួមមាន​ឆ្នេរ​ចម្ការ​ដូង​ ឆ្នេរ​បរិស្ថាន ​ឆ្នេរ​ថ្មដុះ ​និង​ឆ្នេរ​ព្រែក​ចាក​ ជាដើម។

    @ កោះ​រ៉ុង៖
    ជា​កោះ​ស្ថិត​នៅ​ ២៥ គីឡូម៉ែត្រ​ពីឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ មាន​ផ្ទៃ​ដី ៧៨ គីឡូម៉ែត្រ​ការេ។​ លោក​ ថែល​ វីរៈ​ គណនេយ្យករ​​នៃ​ក្រុមហ៊ុន​​ កោះរ៉ុង​ដាយ​សិនធឺរ​​ ដែល​នាំ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​តាម​កោះ​ បាន​ឲ្យ​ដឹង​ថា​ អ្នក​ដំណើរ​ទាំង​ឡាយ​អាច​ទៅ​កម្សាន្ត​កោះ​រ៉ុង​នេះ​តាម​ទូក​ ដោយ​ចេញ​ដំណើរ​នៅ​ម៉ោង​៩​ និង​ម៉ោង​៣​ ទៅ​ដល់​កោះ​រ៉ុង​​ក្នុង​រយៈពេល​ពីរ​ម៉ោង​ តម្លៃ​ប្រហែល ១៥​ដុល្លារ​ ឬ​តាម​កាណូត​លឿន​ ចេញ​នៅ​ម៉ោង​៨​ព្រឹក​ ម៉ោង​១១​ថ្ងៃ​ និង​ម៉ោង​៣​រសៀល​ ដោយ​ចំណាយ​ពេល​តែ​៤៥​នាទី​ទៅ​ដល់​កោះ​នោះ​ ក្នុង​តម្លៃប្រហែល ​២០​ដុល្លារ។

    @ កោះ​រ៉ុង​សន្លឹម៖
    ​ ឈ្មោះ​ស្រដៀង​ នឹង​ កោះ​រ៉ុង​ដែរ​ កោះ​រុង​សន្លឹម​​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ កោះ​រ៉ុង​ ចម្ងាយ​ ប្រហែល ៤ គម។ នៅ​ទី​នោះ​ភ្ញៀវ​អាច​​ដើរ​ទស្សនា​ទិដ្ឋភាព​ព្រៃ​ឈើ ឬ ក៏​អាច​ជួល​ទូក​ជិះ​កម្សាន្ត​ជុំ​វិញ​កោះ។

    @ កោះ​ទន្សាយ៖
    ​ ស្ថិត​នៅ​ចម្ងាយ​ពី​ ៤ គីឡូម៉ែត្រ​ ខាង​ត្បូង​ឆ្នេរ​កែប កោះ​ទន្សាយ​ជា​ទិស​ដៅ​ទេសចរណ៍​មួយ​ដែល​ ប្រកប​ដោយ​បរិយាកាស​ធម្មជាតិ និង បាងកាឡូ​​ជា​ជួរៗ​សម្រាប់​ឱ្យ​ទេសចរ​ជួល​ស្នាក់​នៅ។

    @កោះ​សង្សារ​៖
    ស្ថិត​ក្នុង​ខេត្ត​ព្រះសីហនុ​ កោះ​ឯកជន​នេះ​​បាន​បង្អួត​សម្រស់​ជាមួយ​ នឹង​ ឆ្នេរ​ខ្សាច់​ពណ៌​ស ព្រៃ​រង​ទឹក​ភ្លៀង​ និង​ បាងកាឡូ​​តម្រៀប​គ្នា​រដឹក​លើ​ផ្ទៃ​សមុទ្រ។ ដើម្បី​ទៅ​ដល់​ទី​នោះ​ ភ្ញៀវ​ត្រូវ​ជិះ​ទូក​ពី​កំពង់​ផែ​ព្រះសីហនុ​ ប្រហែល ៣៥ នាទី​ ​ ។

    @កោះ​តា​គៀវ៖
    ចម្ងាយ​ ប្រហែល​ ១៣ គីឡូម៉ែត្រ​ពី​ ឧទ្យានជាតិ​រាម​ កោះ​នេះ​ជា​កន្លែង​ដ៏​ពិសេស​មួយ​សម្រាប់​ទេសចរ​ ជ្រមុជ​ទឹក​ ស្ទូច​ត្រី​ និង អុំ​ទូក​កៃយ៉ាក់​ជា​ដើម។
    ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី ២០១៧ ​ខាង​មុខ​នេះ ប្រាជ្ញាខ្មែរ សូម​ជូន​ពរ ឲ្យ​ប្រិយ​មិត្ត​ទូទាំង​ប្រទេស​ ធ្វើ​ដំណើរ​ប្រកប​ដោយ​សុវត្ថិភាព និង​​ជូន​ពរ​ឲ្យ​ ជោគ​ជ័យ​រាល់​ក្ដី​ប្រាថ្នា​សម្រាប់​ឆ្នាំ​ថ្មី​ ៕

    @រមណីយដ្ឋាន​ទេរ​ទឹក​ពុះ ខេត្ត​កំពង់​ស្ពឺ​៖
    ទេ​ទឹក​ពុះ​ មាន​ទី​តាំង​ នៅ​ក្នុង​ភូមិ​ទេ ឃុំ​សង្កែ​ទាប ស្រុក​ឱរ៉ាល់ ខាង​លិច​ទី​រួម​ខេត្ត​កំពង់​ស្ពឺ ប្រមាណ​ ៦០​គីឡូម៉ែត្រ​។
    ទេ​ទឹក​ពុះ​ មាន​បន្ទាត់​ផ្ចិត​ប្រវែង​១០០​ម៉ែត្រ​​។ ផ្ទៃ​ទឹក​ខាង​ក្រៅ​ មាន​ទំហំ ៨០​ម៉ែត្រ​ការ៉េ។ សីតណ្ហភាព​ទឹក​គឺ​ ៧០​ អង្សា​សេ។ អ្នក​ភូមិ​​នៅ​តំបន់​ទេ​ទឹក​ពុះ​មាន​ជំនឿ ថា​ទឹក​ក្ដៅ​ពុះ​ដែល​ផុស​ចេញ​ពី​ដី អាច​យក​ទៅ​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ​បាន។

    No comments:

    Post a Comment

    សូមចុច Like និង Share នៅទីនេះដើម្បីទទួលបានពត៌មានថ្មីៗនៅក្នុង Facebook របស់អ្នក